ធូបបីសសៃ នៅក្នុងដៃ បំរុងនឹងដោតទៅក្នុងចានមួយដែលមានរូបមនុស្សម្នាក់ដេកស្ងៀមមិនកំរើក បាននិងកំពុងផុសចេញពីភាពខ្មៅងងឹតគ្របដណ្តប់ស្ទើរគ្រប់ទីកន្លែងទាំងអស់នៃផ្ទៃក្រដាស់ទាំងមូល គឺជាគំនូរមួយផ្ទាំង ដែលមានចំនងជើងថា “ជំរើសចុងក្រោយរបស់មនុស្ស នៅសម័យខ្មែរក្រហម” ដែលត្រូវបានគេដាក់បង្ហាញ ក្នុងពិព័រណ៍មួយ មានឈ្មោះថា “កម្ពុជា សិប្បសាលាស្តីការពីការចងចាំ” នៅមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ចាប់ពីថ្ងៃទី ១៩ ខែវិច្ឆិកា ដល់ ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០០៩។
គំនូរនេះ គឺជាស្នាដៃរបស់វិចិត្រករស្រី វ័យក្មេងម្នាក់ឈ្មោះ ស៊ូ សុភី មកពីសាលាហ្វាពន្លឺសិល្បៈ ខេត្តបាត់ដំបង។ គំនូរនេះ ចង់បង្ហាញពីទុក្ខសោកវេទនា របស់ប្រជាពលរដ្ឋខ្មែរ រស់នៅក្នុងរបបខ្មែរក្រហម ដែលមិនអាចធ្វើអ្វីបានក្រៅពីការបន់ស្រន់អោយវត្ថុសក្តិសិទ្ធជួយនោះឡើយ។
សុភី បានរាយរាប់ពីអត្ថន័យបង្កប់ក្នុងគំនូររបស់ខ្លួនថា “រូបមនុស្សក្នុងភាពងងឹត តំណាងអោយទុក្ខវេទនារបស់ប្រជាជន និង រូបដៃកាន់ធូបបីសសៃតំណាងអោយជំនឿលើការបន់ស្រន់” ។
សុភី បានបន្តទៀតថា គំនូនេះ គូរឡើងដើម្បីបង្ហាញពីការចូលរួម និងចំណាប់អារម្មណ៏ផ្ទាល់ខ្លួន របស់ក្មេងៗជំនាន់ក្រោយដូចជារូបគាត់ អំពីព្រឹត្តិការណ៍ដែលកើតឡើងក្នុងអតីតកាល ពិសេសក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ។
ក្រៅពីគំនូរ “ជំរើសចុងក្រោយរបស់មនុស្ស នៅសម័យខ្មែរក្រហម” មួយផ្ទាំងនេះ ក៏នៅមានការដាក់បង្ហាញគំនូរ និងរូបថតប្រមាណជាង ៣០ផ្ទាំងទៀត ដែលសុទ្ធតែជាស្នាដៃរបស់វិចិត្រករខ្មែរវ័យក្មេងមកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រ សិល្បៈ និងសាលាសិល្បៈនៃវិទ្យាស្ថានរៃយំ រួមនឹងសិល្បៈករខ្មែរល្បីល្បាញពីររូប គឺ លោកវ៉ាន់ ណាត និងលោក សេរ៉ា។
សុផន បញ្ញាវុធ ដែលជាអ្នកចូលរួមទស្សនាពិព័រណ៍នេះ បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនថា “ខ្ញុំមានការពេញចិត្តនឹងការតាំងពិព័រណ៍នេះយ៉ាងខ្លាំង ជាពិសេសបន្ទាប់ពីបានដឹងពីអត្តន័យផ្ទាំងគំនូរនិមួយៗ ដែលខ្ញុំមើល អត់យល់សោះពីដំបូង។ ផ្ទាំងនិមួយៗសុទ្ធតែមាន អត្តន័យបង្កប់ផ្សេងៗគ្នាទាក់ទងនិងរបបខ្មែរក្រហម”។
បងស្រី ជុំ ណយ អ្នកទទួលខុសត្រូវផ្នែកសកម្មភាពវប្បធ៌ម នៅមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា បានប្រាប់អោយដឹងថា “គោលបំណងនៃសិប្បសាលានេះគឺចងក្រងឡើងវិញនូវប្រវិត្តិសាស្ត្រថ្មីៗរបស់កម្ពុជា តាមរយៈការបង្កើតថ្មីមួយ ដោយរូបបណ្ណសារ និងសក្ខីភាពរបស់អ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍” ។
បង ជុំ ណយបានបន្តអោយដឹងទៀតថា “ក្រៅពីគំនូរ និងរូបថត ជាង៣០ ផ្ទាំងនេះ មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណានៅមានឯកសារជាង ៣០០០ឯកសារសោតទស្សន៍ទៀតដែលបានប្រមូល ហើយក្នុងនោះរួមមាន ១៨៨៦ រូបភាព ១៨៩៩គំនូរជីវចល និង ៦ខ្សែភាពយន្ត ហើយភាគច្រើននៃឯកសារទាំងអស់នោះបានបញ្ចូលក្នុងប្រព័ន្ធឌីជីថលមួយហៅថា ប្រព័ន្ធហនុមាន” ។
គួរបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណាត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៦ដោយការរួមសហការណ៍រវាងសមិទ្ធិករភាពយន្តខ្មែរឈ្មោះ ប៉ាន់ រិទ្ធី និងឯកឧត្តម អៀវ បុណ្ណការដែលជាអតីតប្រធាននាយកដ្ឋានភាពយន្តនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា។
ការដាក់ឈ្មោះបុប្ផាណានេះគឺចង់ផ្សព្វផ្សាយបន្តនូវការតស៊ូ សេចក្តីក្លាហាន និងសេចក្តីថ្លៃថ្នូរ ដែលយុវនារីរងគ្រោះម្នាក់ក្នុងមន្ទីរឃុំឃាំងស២១ បានបន្សល់ទុកក្នុងសារលិខិតរបស់នាង។ គម្រោងរបស់មជ្ឈមណ្ឌលក្នុងការស្ថាបនាឡើងវិញនូវ បេតិកភណ្ឌសោតទស្សន៍កម្ពុជាគឺដើម្បីឲ្យមានការនឹកឃើញឡើងវិញ និងផ្សព្វផ្សាយប្រវត្តិសាស្រ្ត ព្រមទាំងវប្បធម៌ឲ្យមនុស្សជំនាន់ក្រោយៗបានដឹង និងដើម្បីកសាងអនាគតមួយរួមគ្នា។
ឯកសារសោតទស្សន៍ ដែលមជ្ឈមណ្ឌលបុប្ផាណាទទួលបាន ភាគច្រើនបានមកពីរដ្ឋាភិបាលបារាំង ដែលជាកន្លែងរក្សាទុកឯកសាររបស់ប្រទេសស្ទើរទាំងអស់លើពិភពលោក ហើយឯកសារសោតទស្សន៍ ដែលចាស់ជាងគេនៅក្នុងមជ្ឈមណ្ឌលគឺឯកសារនៅឆ្នាំ ១៨៨៦។
ដោយ វ៉េង រចនា
ខ្ញុំគិតថា អត្ថបទនេះល្អ អាចយកជាការបាន សំរាប់ការសិក្សាទូទៅបាន។
ReplyDelete